ក្នុងលោកនេះ គ្មានអ្វីដែលទៀទាត់ ហើយស្ថិតក្នុងការគ្រប់គ្រងរបស់យើងបានជារៀងរហូតនោះទេ ពិសេសគឺអារម្មណ៍របស់ខ្លួនឯងហ្នឹងហើយ។ ជំនួបរវាងខ្ញុំនឹងគាត់ កើតឡើងយ៉ាងចៃដន្យបំផុត ព្រោះយើងជានិស្សិតដែលរៀននៅសាកលវិទ្យាល័យផ្សេងគ្នា ជំនាន់ខុសគ្នា តែមុខវិជ្ជាផ្តោតលើវិទ្យាសាស្ត្រសង្គមដូចគ្នា។ ការងារស្ម័គ្រចិត្តជួយសង្គម ដើម្បីបង្កើនបទពិសោធជាទុនស្វែងរកការងារធ្វើក្រោយរៀនចប់ ជាចំណុចផ្តើមនៃស្នេហារវាងយើងទាំងពីរ។ ជាស្នេហាដែលមនុស្សជាច្រើនក្នុងសម័យនេះភាគច្រើនមិនធ្លាប់ជួប នោះគឺស្រគត់ស្រគំ រាបសា រក្សាតម្លៃអោយមនុស្សស្រីជាធំ។ គាតជាមនុស្សរាបសា និយាយស្តីទន់ភ្លន់ រួសរាយរាក់ទាក់ ស្មោះត្រង់ ចូលចិត្តសិក្សាពីរឿងប្រវត្តិសាស្ត្រ ព្រះធម៌ ហើយយកគំនូរ និងតន្ត្រីជាមិត្តកែអផ្សុក។ ថ្វីបើមានចំណុចល្អច្រើនបែបណា តែគាត់មិនមែនជាបុរសសង្ហា រឺជាកូនអ្នកមានទ្រព្យធន់ដូចតួឯកក្នុងរឿងកុននោះទេ ជីវិត គឺពោរពេញដោយការតស៊ូ និងហត់នឿយគ្រប់យ៉ាងដើម្បីតែគ្រួសារ។ ពិបាកបែបហ្នឹងហេតុអីខ្ញុំនៅតែស្រលាញ់ ហើយចងចាំគាត់គ្មានថ្ងៃភ្លេច? ចម្លើយ គឺគ្មានហេតុផលអ្វីទាំងអស់! សូម្បីខ្ញុំស្រលាញ់គាត់តាំងពីពេលណាក៏មិនដឹងផង…..អ្វីដែលខ្ញុំដឹងគឺតាំងពីមានគាត់រហូតមកដល់ពេលនេះ គ្មានអ្នកអាចជំនួសកន្លែងគាត់បានទេ នៅក្នុងបេះដូងខ្ញុំ។
លង់នឹងភាពចាស់ទុំ!
09 ថ្ងៃសុក្រ តុលា 2015
Posted Uncategorized
in